[២៣៥] សម័យនោះឯង ភិក្ខុនីទាំងឡាយមានរដូវ អង្គុយសង្កត់ខ្លះ ដេកសង្កត់ខ្លះ នូវគ្រែដែលគេញាត់ភ្ជាប់ និងតាំងដែលគេញាត់ភ្ជាប់។ សេនាសនៈ ក៏ប្រឡាក់ដោយឈាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវអង្គុយសង្កត់ ដេកសង្កត់ នូវគ្រែដែលគេញាត់ភ្ជាប់ នូវតាំងដែលគេញាត់ភ្ជាប់ទេ ភិក្ខុនីណាអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវចីវរក្នុងរោងទាន។ ចីវរក្នុងរោងទាន ក៏ប្រឡាក់ដោយឈាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវសំពត់ទ្រនាប់។ សំពត់ទ្រនាប់ក៏របូតចុះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចង (សំពត់ទ្រនាប់) ដោយសរសៃអំបោះ ហើយចងភ្ជាប់នឹងភ្លៅចុះ។ សរសៃអំបោះក៏ដាច់ទៅ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្សែក្រវាត់សម្រាប់ចងឆ្នុកក្បិន។