បញ្ចសតិកក្ខន្ធកៈ
[២៧៨] លំដាប់នោះ ព្រះមហាកស្សបមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ សម័យមួយ ខ្ញុំគិតថានឹងត្រាច់ទៅបិណ្ឌបាតក្នុងក្រុងបាវានេះ រួចហើយនឹងទៅកាន់ក្រុងកុសិនារា ហើយក៏ដើរទៅតាមផ្លូវឆ្ងាយ ជាមួយនឹងភិក្ខុសង្ឃជាច្រើនចំនួន៥០០រូប ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ខ្ញុំគេចចៀសចេញពីផ្លូវ ហើយទៅអង្គុយទៀបគល់ឈើមួយដើម ក៏សម័យនោះឯង មានអាជីវកម្នាក់កាន់ផ្កាមន្ទារវៈ (មន្ទារវបុស្ស) ពីក្នុងនគរកុសិនារា ដើរតាមផ្លូវឆ្ងាយ សំដៅទៅកាន់ក្រុងបាវា ម្នាលអាវុសោទាំងឡាយ ខ្ញុំក៏បានឃើញអាជីវកនោះ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ខ្ញុំនិយាយសួរទៅអាជីវកនោះដូច្នេះថានែអាវុសោ អ្នកបានដឹងដំណឹងព្រះជាគ្រូនៃយើងដែរឬ អាជីវកនោះឆ្លើយតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណគោតម ជាគ្រូអ្នក បរិនិព្វានកន្លងទៅ៧ថ្ងៃហើយ រាប់ពីថ្ងៃនេះទៅ ផ្កាមន្ទារវៈនេះ ខ្ញុំយកពីនគរកុសិនារានោះមក ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា ដែលមិនទាន់ប្រាសចាករាគៈ(១) ភិក្ខុទាំងនោះ ពួកខ្លះ ក៏លើកដៃ
(១) ក្នុងដីកាថា បុថុជ្ជន សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល ហៅថា បុគ្គលមិនទាន់ប្រាសចាករាគៈក្នុងទីនេះ។