អាយុ ក៏ចូលទៅរកព្រះសម្ភូតសាណវាសីមានអាយុ ឯភ្នំឈ្មោះអហោគង្គ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសម្ភូតសាណវាសីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះយសកាកណ្ឌកបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ពោលពាក្យដូច្នេះ នឹងព្រះសម្ភូតសាណវាសីដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីនេះ សំដែងនូវវត្ថុ១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអម្បិលក្នុងក្លាក់ គួរ (ដល់សមណៈ) ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរ ការកំណត់ដោយចន្លោះស្រុក គួរ ការកំណត់ដោយអាវាស គួរ ការកំណត់ដោយអនុមតិ គួរ ការកំណត់ដោយអាចិណ្ណៈ (ប្រពៃណី) គួរ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ ការផឹកនូវសុរាឆៅ គួរ និសីទនៈ ដែលមិនមានជាយ គួរ មាស និងប្រាក់គួរ បពិត្រលោកម្ចាស់ដ៏ចំរើន បើដូច្នោះ គួរយើងទាំងឡាយ ជម្រះអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសល នឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ នឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។