លោក​អង្គ​ណា​ ​ចូលចិត្ត​នឹង​ធម៌​របស់​ព្រះមានព្រះភាគ​នោះ​ ​ចូរ​លោក​អង្គ​នោះ​និមន្ត​មក​។​ ​ទើប​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​នាំ​ភិក្ខុ​ទាំង៥០០រូប​នោះ​ ​ចូល​សំដៅ​ទៅ​វត្ត​វេឡុ​វន​។​ ​លំដាប់នោះ​ ​កោ​កាលិក​ភិក្ខុ​ ​ដាស់​ទេវទត្ត​ឲ្យ​ក្រោក​ឡើង​ថា​ ​នែ​អាវុសោ​ទេវទត្ត​ ​ចូរ​អ្នក​ក្រោក​ឡើង​ ​ដ្បិត​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​នាំ​ភិក្ខុ​ទាំងនោះ​ទៅ​ហើយ​ ​ម្នាល​អាវុសោ​ទេវទត្ត​ ​យើង​បាន​និយាយប្រាប់​អ្នក​ថា​ ​នែ​ទេវទត្ត​ដ៏​មាន​អាយុ​ ​អ្នក​កុំ​ទុកចិត្ត​សារីបុត្ត​ ​និង​មោគ្គល្លាន​ឡើយ​ ​ដ្បិត​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​(​នោះ​)​ ​ជា​មនុស្ស​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​អាក្រក់​ ​ឥឡូវ​ឃើញ​ទេហ៍​។​ ​លំដាប់នោះ​ ​ទេវទត្ត​ក៏​ស្រាប់តែ​ក្អួតឈាម​ក្តៅ​ ​ចេញ​មក​ពី​មាត់​ក្នុង​ទីនោះ​។​
 [​៥៩​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ដែល​ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​បំបែក​សង្ឃ​ ​ឧបសម្បទា​ជាថ្មី​ទៀត​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ណ្ហើយ​សារីបុត្ត​ ​អ្នក​កុំ​ចូលចិត្ត​នឹង​ការ​ឲ្យ​ពួក​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​បំបែក​សង្ឃ​ ​ទទួល​ឧបសម្បទា​ជាថ្មី​ទៀត​ឡើយ​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់