ឧទ្ទានគឺបញ្ជីរឿងនៃខុទ្ទកសិក្ខាបទនោះដូច្នេះ
[៦៣៨] រឿងភិក្ខុនីឱ្យគេដកខ្ទឹម១ ភិក្ខុនីដករោមក្នុងទីចង្អៀត១ ភិក្ខុនីប្រហារផ្ទៃនិមិត្ដ១ ភិក្ខុនីធ្វើរូបអង្គជាត១ ភិក្ខុនីលាងនិមិត្ដ១ ភិក្ខុនីបំរើភិក្ខុកំពុងឆាន់១ ភិក្ខុនីសូមស្រូវស្រស់១ ភិក្ខុនីចោលរបស់ដែលសល់មានពីររឿង១ ភិក្ខុនីទៅមើលរបាំ១ ភិក្ខុនីទៅជាមួយនឹងបុរសក្នុងទីងងឹត១ ភិក្ខុនីទៅជាមួយនឹងបុរសក្នុងទីកំបាំង១ ភិក្ខុនីនៅជាមួយនឹងបុរសក្នុងទីវាល១ ភិក្ខុនីនៅជាមួយនឹងបុរសក្នុងច្រកផ្លូវ១ ភិក្ខុនីចូលទៅកាន់ត្រកូលក្នុងវេលាមុនភត្ដ១ ក្រោយភត្ដ១ ក្នុងវេលាវិកាល១ ភិក្ខុនីពោលទោសគេ ដោយសេចក្ដីប្រកាន់អាក្រក់១ ភិក្ខុនីប្រទេចផ្ដាសាដោយនរក១ ភិក្ខុនីវាយខ្លួនឯងហើយយំ១ ភិក្ខុនីមានកាយអាក្រាតងូតទឹក១ ភិក្ខុនីរុះចីវរ១ ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដីឱ្យកន្លងហួស៥ថ្ងៃ១ ភិក្ខុនីប្រើសង្កមនីយចីវរ១ ភិក្ខុនីធ្វើចីវរលាភរបស់គណៈឱ្យខូច១ ភិក្ខុនីឃាត់ការចែកចីវរ១ ភិក្ខុនីឱ្យសមណចីវរដល់គ្រហស្ថជាដើម១ ភិក្ខុនីញ៉ាំងសម័យចីវរកាលឱ្យកន្លងទៅ ដោយចង់បានចីវរទុព្វលភាព១ ភិក្ខុនីឃាត់ការដកកឋិន១