[​១៦២​]​ ​សួរ​ថា​ ​សិក្ខាបទ​ណា​មានឈ្មោះ​ថា​បាដិទេសនីយៈ​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​(​នូវ​អំណាច​ប្រយោជន៍​ទាំង១០​)​ ​បាន​បញ្ញ​ត្ដ​ហើយ​ ​ដល់​ភិក្ខុ​ដែល​ទទួល​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ដៃ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ដែល​ចូល​ទៅកាន់​ចន្លោះ​ស្រុក​ ​សិក្ខាបទ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​មួយ​រូប​ ​ទទួល​អាមិសៈ​ ​អំពី​ដៃ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ដែល​ចូល​ទៅ​ចន្លោះ​ស្រុក​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​ ​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​។​បេ​។​
 [​១៦៣​]​ ​ភិក្ខុ​មិនបាន​ឃាត់​ភិក្ខុនី​ដែល​កំពុង​បង្គាប់បញ្ជា​ ​ហើយ​ឆាន់​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់