សង្ឃ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​គួរ​ដល់​បព្វាជនីយ​កម្ម​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​គួរ​ដល់​បដិ​សារ​ណី​យក​ម្ម​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​គួរ​ដល់​ឧក្ខេ​បនី​យក​ម្ម​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ទាញ​ភិក្ខុ​គួរ​ដល់​បរិវាស​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​គួរ​ដល់​មូលា​យ​ប្ប​ដិ​កស្ស​នៈ​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ឲ្យ​អព្ភាន​ ​ដល់​ភិក្ខុ​គួរ​ដល់​មានត្ត​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​ភិក្ខុ​គួរ​ដល់​អព្ភាន​ ​ឲ្យ​ៗ​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ធ្វើ​ឧបោសថ​ ​ក្នុង​ថ្ងៃ​មិនមែន​ជា​ថ្ងៃឧបោសថ​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ធ្វើ​បវារណា​ ​ក្នុង​ថ្ងៃ​មិនមែន​ជា​ថ្ងៃ​បវារណា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​កម្ម​ ​វិបត្តិ​ព្រោះ​វត្ថុ​ ​យ៉ាងនេះ​ឯង​។​
 [​៤២៥​]​ ​កម្ម​ទាំងឡាយ​ ​វិបត្តិ​ព្រោះ​ញត្តិ​ដូចម្តេច​។​ ​កម្ម​ទាំងឡាយ​ ​វិបត្តិ​ព្រោះ​ញត្តិ​ ​ដោយ​អាការ៥​ ​គឺ​ភិក្ខុ​មិន​សូត្រ​ចេញឈ្មោះ​វត្ថុ​ ​គឺ​ឧបសម្បទា​បេក្ខៈ១​ ​មិន​ចេញឈ្មោះ​សង្ឃ១​ ​មិន​ចេញឈ្មោះ​បុគ្គល​ ​គឺ​ឧបជ្ឈាយ៍១​ ​មិន​តាំង​ញត្តិ១​ ​ឬ​តាំង​ញត្តិ​ខាងក្រោយ​កម្មវាចា១​។​ ​កម្ម​ទាំងឡាយ​ ​វិបត្តិ​ព្រោះ​ញត្តិ​ ​ដោយ​អាការ៥នេះឯង​។​
ថយ | ទំព័រទី ៤១៩ | បន្ទាប់