ព្រះអង្គដ៏ចំរើន គ្រូឈ្មោះមក្ខលិគោសាល កាលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ នូវសេចក្តីបរិសុទ្ធនៃសំសារទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ ក៏បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះមក្ខលិគោសាល កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងហើយ បែរជាដោះស្រាយ នូវសេចក្តីបរិសុទ្ធ នៃសំសារទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះមក្ខលិគោសាលឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។