បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ក៏បែរជាដោះស្រាយ បន្លែបន្លប់ទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តនេះឯង ល្ងង់ជ្រុល វង្វេងជ្រុល ជាងសមណៈ និងព្រាហ្មណ៍ទាំងឡាយ ពួកនេះ កាលបើអញសួរត្រង់ផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងហើយ មិនសមបើទៅដោះស្រាយបន្លែបន្លប់សោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្តដែរ តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។