ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវហេតុទាំង៤នោះថា ហេតុនៃទិដ្ឋិទាំងនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ រមែងមានគតិយ៉ាងនេះ មានការប្រព្រឹត្តទៅក្នុងលោកខាងមុខយ៉ាងនេះ។ ព្រះតថាគត ដឹងច្បាស់នូវទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុបជាងនោះទៅទៀតផង កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅនៃបរាមាសក្កិលេសដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសារបស់វេទនាផង នូវទោសវេទនាផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុតស្រឡះហើយ (ចាកកិលេស) ព្រោះមិនប្រកាន់ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចនឹងសំដែងបាននូវធម៌ទាំងឡាយណា (មួយទៀត) ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគតតាមសេចក្តីពិត ដោយធម៌ទំាងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក