សមណព្រាហ្មណ៍ទាំងនោះ គប្បីសាកសួរ គប្បីជជីកសួរ គប្បីសួរដេញដោល ចំពោះអាត្មាអញ ក្នុងកុសល និងអកុសលនោះ (បើ) សមណព្រាហ្មណ៍ណា គប្បីសាកសួរ គប្បីជជីកសួរ គប្បីសួរដេញដោលចំពោះអាត្មាអញ ក្នុងកុសល និងអកុសលនោះ អាត្មាអញ មុខជានឹងមិនអាចដោះស្រាយ នូវប្រស្នារបស់ពួកសមណព្រាហ្មណ៍នោះបានទេ បើអាត្មាអញ មិនអាចនឹងដោះស្រាយនូវប្រស្នាដោយហេតុណាហើយ ហេតុនោះ នឹងជាសេចក្តីចង្អៀតចិត្តនៃអាត្មាអញ ធម៌ណាជាសេចក្តីចង្អៀតចិត្តរបស់អាត្មាអញ ធម៌នោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះសេចក្តីត្រិះរិះយ៉ាងនេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសល ព្រោះខ្លាចពាក្យសួរដេញដោល ព្រោះធុញថប់នឹងពាក្យសួរដេញដោល កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ។