ចិត្តក៏ផុតស្រឡះចាកភវាសវៈ(១)ផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈ(២)ផង។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើង ដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចជារអាងទឹក លើកំពូលភ្នំ ជាទឹកដ៏ថ្លាស្អាត មិនល្អក់ បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅមាត់នៃរអាងទឹកនោះ ក៏គប្បីឃើញនូវខ្យង និងខ្ចៅផង នូវក្រួស និងដុំថ្មផង នូវហ្វូងនៃត្រីផង កំពុងត្រាច់ទៅក្តី ឈប់នៅក្តី ក្នុងរអាងនោះ បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា រអាងទឹកនេះឯង ថ្លាស្អាត មិនល្អក់ ខ្យង និងខ្ចៅទាំងឡាយក្តី ក្រួស និងដុំថ្មក្តី ហ្វូងនៃត្រីទាំងនេះក្តី ត្រាច់ទៅខ្លះ ឈប់នៅខ្លះ ក្នុងរអាងនោះ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍
(១) សេចក្តីត្រេកត្រអាលត្រាំនៅក្នុងភពទាំង៣ ហៅថា ភវាសវៈ។ (២) សេចក្តីមិនដឹងក្នុងសច្ចៈទាំង៤ ទាំងមិនដឹងនូវចំណែកនៃខន្ធខាងដើម ខាងចុង ទាំងខាងដើម ខាងចុង និងបដិច្ចសមុប្បាទធម៌ ហៅថា អវិជ្ជាសវៈ។