សមណគោតម​ដែរ​។​ ​ខត្ត​មហាមាត្យ​នោះ​ ​ក៏​ទទួលពាក្យ​របស់​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ​ ​រួច​ក៏​ចូល​សំដៅ​ទៅ​ ​ត្រង់​ទី​ដែល​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​អ្នកក្រុង​ចម្បា​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ប្រាប់​ដំណើរ​នុ៎ះ​ ​ចំពោះ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​អ្នកក្រុង​ចម្បា​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ថា​ ​ឲ្យ​ពួក​អ្នក​ដ៏​ចំរើន​ ​បង្អង់​ចាំមួយរំពេច​សិន​ ​ដ្បិត​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​នឹង​ចូល​ទៅ​គាល់​ព្រះសមណគោតម​ដែរ​។​
 [​១៨១​]​ ​ជួនជា​សម័យ​នោះ​ឯង​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​ដែល​មក​អំពី​រជ្ជសីមា​ ​ផ្សេង​ៗ​គ្នា​ ​(​មាន​ដែន​កាសី​ ​និង​ដែន​កោសល​ជាដើម​)​ ​ចំនួន៥០០នាក់​ ​មក​នៅ​អាស្រ័យ​ក្នុង​ក្រុង​ចម្បា​ ​ដោយ​ករណី​កិច្ច​(​១​)​ ​ឯណា​នីមួយ​។​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​បានឮ​ថា​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​នឹង​ចូល​ទៅ​គាល់​ព្រះសមណគោតម​។​ ​លំដាប់នោះ​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​នាំគ្នា​ចូល​សំដៅ​ទៅត្រង់​ទី​ ​ដែល​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​សួរ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ដូច្នេះ​ថា​ ​បានឮ​ថា​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​នឹង​ទៅ​គាល់​ព្រះសមណគោតម​ ​ពិតមែន​ឬ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពួក​ព្រាហ្មណ៍​ដែល​មក​ប្រជុំ​គ្នា​នៅ​នគរ​នោះ​ ​ដោយមាន​ករណី​កិច្ច២យ៉ាង​ ​គឺ​ដើម្បី​បរិភោគ​នូវ​គ្រឿងបូជា​យញ្ញ១​ ​ដើម្បី​ស្វាធ្យាយ​នូវ​មន្ត១​។​ ​ឯ​ក្នុង​នគរ​នោះ​ ​នៅ​វេលា​នោះ​ ​ឥតមាន​គ្រឿងបូជា​យញ្ញ​ទេ​ ​តែ​ព្រាហ្មណ៍​ទាំងនោះ​ ​ទៅ​ប្រជុំ​គ្នា​ ​បម្រុង​នឹង​ស្វាធ្យាយមន្ត​។​ ​ព្រោះ​លោក​សំដៅយក​កិច្ច​ទាំង២យ៉ាងនោះ​ ​ទើប​ពោល​ថា​ ​ដោយមាន​ករណី​កិច្ច​ឯណា​នីមួយ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់