ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​កោសល​ ​និង​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​មគធៈ​នោះ​ ​ក៏បាន​ចូល​សំដៅ​ទៅកាន់​កូ​ដា​គារ​សាលា​ ​ព្រៃ​មហាវ័ន​។​
 [​៤២​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ ​ជា​ឧបដ្ឋាក​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ ​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​កោសល​ ​និង​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​មគធៈ​នោះ​ ​ចូល​សំដៅ​ទៅ​រក​កន្លែង​ដែល​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ថា​ ​បពិត្រ​ព្រះ​នា​គិ​តៈ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ព្រះអង្គ​គង់នៅ​ទីណា​ ​ដ្បិត​យើងខ្ញុំ​ចង់ទៅ​គាល់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​។​ ​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ ​ពោល​ថា​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​កាល​នេះ​ ​មិនមែន​ជា​កាលគួរ​ ​នឹង​ទៅ​គាល់​ព្រះមានព្រះភាគ​ទេ​ ​(​ព្រោះ​)​ ​ព្រះមានព្រះភាគ​ ​កំពុង​សម្រាក​ព្រះអង្គ​។​ ​គ្រានោះ​ ​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​កោសល​ ​និង​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​មគធៈ​នោះ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ ​ក្បែរ​កន្លែង​នោះ​ ​ហើយ​ប្រឹក្សា​គ្នា​ថា​ ​យើង​ទាំងឡាយ​ ​ចាំ​គាល់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ឲ្យបាន​ ​ហើយ​សឹម​ទៅ​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់