បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ថ្ងៃ​មុន​ៗ​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្ត​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​ម្នាល​មហា​លិ​ ​ខ្ញុំ​ចូល​ទៅ​នៅ​អាស្រ័យ​នឹង​ព្រះមានព្រះភាគ​ ​រាប់​តាំងពី​ថ្ងៃ​ខាងដើម​មក​ ​មិនយូរ​ប៉ុន្មាន​ ​បាន​ត្រឹមតែ៣ឆ្នាំ​ ​ខ្ញុំ​បានឃើញ​រូប​ទិព្វ​ទាំងឡាយ​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​ទាស់​តែ​ស្តាប់​សំឡេង​ទិព្វ​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​មិនឮ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​មាន​ពិតមែន​ ​តែ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្ត​ស្តាប់​មិនឮ​ ​ឬក៏​សំឡេង​ទាំងនោះ​ ​ពុំ​មាន​ទេ​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មហា​លិ​ ​សំឡេង​ទិព្វ​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​ ​មាន​ពិតមែន​ ​តែ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្ត​ ​ស្តាប់​មិនឮ​ ​មិនមែន​ជា​គ្មាន​ទេ​។​ ​មហា​លិ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សំឡេង​ទិព្វ​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកត្រអាល​មាន​ពិតមែន​ ​មិនមែន​ជា​ពុំ​មាន​ទេ​ ​ចុះ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ហ្ន៎​ ​បាន​ជា​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្ត​ស្តាប់​មិនឮ​។​
ថយ | ទំព័រទី ៦០ | បន្ទាប់