ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការវិនិច្ឆ័យ។ ពាក្យថា លាភ កើតមាន ព្រោះអាស្រ័យការស្វែងរក នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលលាភ កើតមានព្រោះអាស្រ័យការស្វែងរកនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើការស្វែងរកមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើការស្វែងរក មិនមានដោយប្រការទាំងពួង ព្រោះការស្វែងរករលត់ហើយ បើដូច្នោះ តើលាភ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ការស្វែងរកនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃលាភ។ ពាក្យថា ការស្វែងរក កើតមាន ព្រោះអាស្រ័យតណ្ហា នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលការស្វែងរក កើតមានព្រោះអាស្រ័យតណ្ហានេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើតណ្ហាមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង តណ្ហានោះ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ កាលបើតណ្ហា មិនមានដោយប្រការទាំងពួង ព្រោះតណ្ហា