ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលថា ម្នាលសារីបុត្ត អាសភិវាចា(១) ដែលអ្នកនិយាយនេះ លើសលុបពេក សីហនាទ ដែលអ្នកប្រកាន់ហើយ បន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់ដឹងក្រៃលែងជាងព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមានក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ ដូច្នេះជាសំដីដោយឡែក ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានក្នុងអតីតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ មានសីលយ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ។ មានបញ្ញាយ៉ាងនេះ។ មានធម៌ជាគ្រឿងនៅ(២) យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ។ ព្រះសារីបុត្តមានអាយុ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គកំណត់ដឹងមិនបានទេ។
(១) សំដីអង់អាច ឥតខ្លាចញញើត។ (២) ធម៌ជាគ្រឿងនៅ មាន៩ គឺរូបសមាបត្តិ៤ អរូបសមាបត្តិ៤ និងសញ្ញាវេទយិតនិរោធ១ ធម៌ទាំង៩នេះ នឹងហៅអនុបុព្វវិហារធម៌ ដូច្នេះវិញក៏បាន។