ដោយមាំមួនថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់ដឹងក្រៃលែងជាងព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមានក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្មានញាណជាគ្រឿងកំណត់ដឹងនូវចិត្តរបស់ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល និងបច្ចុប្បន្នកាលទេ តែថា ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចទីក្រុង ដែលតាំងនៅក្នុងទីបំផុតដែនរបស់ស្តេច ដែលមានទ្វារមាំ មានកំផែង និងក្លោងទ្វារដ៏មាំមួន មានទ្វារតែមួយ ក្នុងទីក្រុងនោះ មានអ្នកចាំយាមទ្វារ ជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ឃាត់ហាមពួកមនុស្សដែលមិនស្គាល់ ឲ្យតែពួកមនុស្សដែលស្គាល់ចូលទៅ នាយទ្វារនោះ ក៏ដើរទៅតាមផ្លូវ ដើម្បីពិនិត្យមើលជុំវិញទីក្រុងនោះ ក៏មិនឃើញនូវទីកំផែង ឬចន្លោះកំផែង ដោយហោចទៅ សូម្បីតែប្រហោងល្មមសត្វឆ្មាចេញបាន ក៏មិនឃើញឡើយ នាយទ្វារនោះ ក៏មានសេចក្តីយល់យ៉ាងនេះថា ពួកសត្វណានីមួយ ដែលមានកាយធំ ចូលមកកាន់ទីក្រុងនេះក្តី ចេញទៅក្តី ពួកសត្វទាំងអស់នោះ គង់ចូល ឬចេញតាមទ្វារនេះ