ឯស្តេចលិច្ឆវីទាំងនោះ មានបន្ទូលនឹងនាងអម្ពបាលីផ្កាមាស យ៉ាងនេះថា ម្នាលមេអម្ពបាលី ហេតុអ្វីក៏នាង បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃយាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ បានជាខ្ញុំម្ចាស់ធ្វើយ៉ាងនោះ ព្រោះខ្ញុំម្ចាស់ បាននិមន្តព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ដើម្បីឆាន់ភត្តក្នុងថ្ងៃស្អែក។ ពួកស្តេចលិច្ឆវីមានបន្ទូលថា ម្នាលមេអម្ពបាលី នាងចូរឲ្យភត្តនេះមកយើងដោយតម្លៃ ចំនួន១សែនកហាបណៈចុះ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ ទុកជាព្រះអង្គប្រទានក្រុងវេសាលី ព្រមទាំងជនបទដល់ខ្ញុំម្ចាស់ ក៏ខ្ញុំម្ចាស់មិនព្រមថ្វាយភត្តដ៏ប្រសើរយ៉ាងនេះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាមព្រះហស្ត ហើយពោលថា ម្នាលគ្នាយើង ពួកយើង នាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាលគ្នាយើង ពួកយើងត្រូវនាងអម្ពបាលីបញ្ឆោតបានហើយហ្ន៎។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ក៏បរយានទៅកាន់អម្ពបាលិវ័ន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញស្តេចលិច្ឆវីទាំងនោះ មកអំពីចម្ងាយ លុះទតឃើញហើយ ក៏ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ