ព្រះមានព្រះភាគ​ ​ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​ ​ក្នុង​វេ​ឡុវ​គ្រាម​នោះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​មក​ ​ចូរ​អ្នក​ទាំងឡាយ​ ​ទៅ​ចាំវស្សា​ក្នុង​ទី​ជិ​តៗ​ក្រុង​វេសាលី​ ​តាម​បុគ្គល​ដែល​ជា​មិត្ត​ ​តាម​បុគ្គល​ដែល​ស្គាល់គ្នា​ ​តាម​បុគ្គល​ដែល​ស្និទ្ធស្នាល​នឹងគ្នា​ចុះ​ ​ចំណែក​តថាគត​ ​នឹង​នៅចាំ​វស្សា​ក្នុង​វេ​ឡុវ​គ្រាម​នេះឯង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​នាំគ្នា​ទៅ​ចាំវស្សា​ក្នុង​ទី​ជិ​តៗ​ក្រុង​វេសាលី​ ​តាម​បុគ្គល​ដែល​ជា​មិត្ត​ ​តាម​បុគ្គល​ដែល​ស្គាល់គ្នា​ ​តាម​បុគ្គល​ដែល​ស្និទ្ធស្នាល​នឹងគ្នា​។​ ​ចំណែកខាង​ព្រះមានព្រះភាគ​ ​ទ្រង់​ចាំវស្សា​ក្នុង​វេ​ឡុវ​គ្រាម​នោះ​ឯង​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ចាំវស្សា​ ​ក៏​មាន​ព្រះ​អាពាធ​ខ្លាំងក្លា​កើតឡើង​ ​វេទនា​ដ៏​មាន​កម្លាំង​ ​ស្ទើរនឹង​ដល់​មរណៈ​ ​ក៏​ប្រព្រឹត្តទៅ​។​ ​បានឮ​ថា​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មានសតិ​ ​និង​សម្បជញ្ញៈ​ ​មិន​ឲ្យ​ទុក្ខវេទនា​បៀតបៀន​បាន​ ​ទ្រង់​អត់សង្កត់​ ​(​ដោយ​អធិវាសន​ខន្តី​)​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះតម្រិះ​យ៉ាងនេះ​ថា​ ​តថាគត​មិនបាន​ប្រាប់​ពួក​ភិក្ខុ​អ្នកបម្រើ​ ​និង​មិនបាន​ប្រាប់ភិក្ខុ​សង្ឃ​ ​ហើយ​បរិនិព្វាន​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​មិន​សមគួរ​
ថយ | ទំព័រទី ២១១ | បន្ទាប់