បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​ ​របស់​ព្រះមានព្រះភាគ​ហើយ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ក្រុងមារ​ ​បាន​និយាយ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏បាន​ពោល​ពាក្យ​នេះ​ ​ទៅ​នឹង​ក្រុងមារ​មានចិត្ត​បាប​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ​ ​ការ​បរិនិព្វាន​របស់​តថាគត​ ​មិនយូរ​ប៉ុន្មាន​ទេ​ ​កន្លង៣ខែ​ ​អំពី​ថ្ងៃនេះ​ទៅ​ ​តថាគត​នឹង​បរិនិព្វាន​ហើយ​ ​ម្នាល​អានន្ទ​ ​ក្នុងថ្ងៃនេះ​ ​តថាគត​ ​មានសតិ​សម្បជញ្ញៈ​ ​បាន​ដាក់​អាយុសង្ខារ​ ​ក្នុង​បា​វាល​ចេតិយ​អម្បាញ់មិញ​នេះឯង​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​មាន​ពុទ្ធតម្រាស់​ ​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏បាន​ក្រាបបង្គំទូល​ឃាត់​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ឋិតនៅ​អស់​មួយ​អាយុកប្ប​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់​មួយ​អាយុកប្ប​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​អានន្ទ​ ​ឥឡូវនេះ​ ​កុំឡើយ​ ​អ្នក​កុំ​អង្វរ​តថាគត​ឡើយ​ ​ម្នាល​អានន្ទ​ ​ឥឡូវនេះ​ ​មិនមែន​ជា​កាលគួរ​អារាធនា​តថាគត​ទេ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ ​ជា​គំរប់២ដង​ផង​។​បេ​។
ថយ | ទំព័រទី ២៤២ | បន្ទាប់