ឱ​ហ្ន៎​ ​ហេតុនេះ​ជា​អស្ចារ្យ​ពេក​ណាស់​ ​ឱ​ហ្ន៎​ ​ហេតុនេះ​ចំឡែក​ពេក​ណាស់​ ​ស្ទឹងតូច​នេះឯង​ ​ដែល​កង់​កិន​ ​ល្អក់​វឹកវរ​ហូរ​មក​ ​កាលបើ​អាត្មាអញ​ចូល​មកដល់​ ​ក៏​ត្រឡប់ទៅ​ជា​ទឹក​រង​ថ្លា​ ​ស្អាត​ ​មិន​ល្អក់​ហូរ​មកវិញ​ ​ព្រោះ​ព្រះ​តថាគត​មាន​ឫទ្ធិ​ធំ​ ​មាន​អានុភាព​ធំ​។​ ​ព្រះ​អានន្ទ​ ​ក៏​ដងទឹក​ដោយ​បាត្រ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុនេះ​ ​ជា​អស្ចារ្យ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុនេះ​ចំឡែក​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ស្ទឹងតូច​ ​ដែល​កង់​កិន​ ​ល្អក់​វឹកវរ​ ​កំពុង​ហូរ​មក​នោះ​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ចូល​ទៅដល់​ហើយ​ ​ក៏​ត្រឡប់ទៅ​ជា​ទឹក​រង​ថ្លា​ ​ស្អាត​ ​មិន​ល្អក់​ហូរ​មកវិញ​ ​ព្រោះ​ព្រះអង្គ​មាន​ឫទ្ធិ​ធំ​ ​មាន​អានុភាព​ធំ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ព្រះ​សុទ្ធរស​ ​សូម​ព្រះ​សុគត​ ​ទ្រង់​សោយ​ព្រះ​សុទ្ធរស​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​សោយ​ព្រះ​សុទ្ធរស​។​
 [​១២០​]​ ​សម័យ​នោះ​ឯង​ ​មល្ល​បុត្ត​ ​(​ព្រះរាជ​បុត្ត​នៃ​មល្ល​ក្សត្រិយ៍​)​ ​ព្រះនាម​បុ​ក្កុ​សៈ​ ​ជា​សាវ័ក​របស់​អាឡារតាបស​ ​កាលាម​គោត្ត​ ​ចេញ​អំពី​ក្រុង​កុសិនារា​ ​ដើរទៅ​តាមផ្លូវ​ឆ្ងាយ​ ​សំដៅ​ទៅកាន់​ក្រុង​បា​វា​។
ថយ | ទំព័រទី ២៧៤ | បន្ទាប់