[​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាល​ព្រះពោធិសត្វ​ប្រសូត​មក​បាន៧ថ្ងៃ​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​តែង​ធ្វើ​មរណកាល​ទៅ​កើត​នៅ​ស្ថាន​តុសិត​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 ​[​២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ស្ត្រី​ទាំងឡាយ​ដទៃ​ ​តែង​ទ្រទ្រង់​គភ៌​អស់៩ខែ​ខ្លះ​ ​១០ខែ​ខ្លះ​ ​ទើបបាន​ប្រសូត​យ៉ាងណា​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​មិន​ប្រសូត​យ៉ាងនោះ​ឡើយ​។​ ​ព្រះមាតា​នៃ​ពោធិសត្វ​ ​តែង​ទ្រង់គភ៌​ពោធិសត្វ​ ​អស់១០ខែ​គត់​ ​ទើបបាន​ប្រសូត​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 [​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ស្ត្រី​ទាំងឡាយ​ដទៃ​ ​តែង​អង្គុយ​សម្រាល​ក៏​មាន​ ​ដេក​សម្រាល​ក៏​មាន​យ៉ាងណា​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​ប្រសូត​ព្រះពោធិសត្វ​ ​មិនមែន​យ៉ាង​ដូច្នោះ​ទេ​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​រមែង​ស្ថិត​ ​(​ឈរ​)​ ​ប្រសូត​ព្រះពោធិសត្វ​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់