ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កែវមណី​ដែល​បុគ្គល​ដាក់ចុះ​លើ​កាសិ​ក​ពស្ត្រ​ ​កែវមណី​ ​(​នោះ​)​ ​មិន​ប្រឡាក់​នូវ​កាសិ​ក​ពស្ត្រ​ឡើយ​ ​កាសិ​ក​ពស្ត្រ​ក៏​មិន​ប្រឡាក់​នូវ​កែវមណី​ដែរ​ ​ហេតុអ្វីបានជា​ថា​ដូច្នោះ​ ​ព្រោះ​សំពត់​ ​និង​កែវមណី​ ​ទាំងពីរ​ជា​របស់​ស្អាត​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​ ​នៃ​ព្រះមាតា​ ​ដ៏​ល្អល្អះ​ចេញ​មក​ ​មិន​ប្រឡាក់​ដោយ​ទឹក​ ​(​ភ្លោះ​)​ ​មិន​ប្រឡាក់​ដោយ​ស្លេស្ម​ ​មិន​ប្រឡាក់​ដោយ​ឈាម​ ​មិន​ប្រឡាក់​ដោយ​អសោចិ៍​ណា​នីមួយ​ឡើយ​ ​ជា​អ្នក​ស្អាត​បរិសុទ្ធ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 [​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ ​មាន​ធារទឹក២​ ​ហូរ​ចុះ​មក​អំពី​អាកាស​ ​ធារទឹក១ត្រជាក់​ ​ធារទឹក១ក្តៅ​ ​ធ្វើ​នូវ​ការ​លាង​ជម្រះ​ព្រះពោធិសត្វ​ផង​ ​ព្រះមាតា​ផង​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។
ថយ | ទំព័រទី ៣០ | បន្ទាប់