[១៥៦] សម័យនោះឯង ពួកមល្លក្សត្រ៤អង្គ ដែលជាប្រធាន ទ្រង់ជម្រះសីសៈ ហើយទ្រង់សំពត់ថ្មីគិតគ្នាថា យើងនឹងឈួលនូវជើងថ្ករនៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងឈួលឲ្យឆេះបាន។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បានពោលទៅនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាពួកមល្លក្សត្រិយ៍ ជាប្រធានទាំង៤អង្គនេះ ជម្រះសីសៈ ហើយទ្រង់សំពត់ថ្មីគិតគ្នាថា យើងនឹងឈួលជើងថ្ករ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងឈួលឲ្យឆេះបាន។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួកទេវតាផ្សេងគ្នា។ បពិត្រលោកម្ចាស់ដ៏ចំរើន ចុះបំណងរបស់ពួកទេវតាដូចម្តេច។ បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួកទេវតាថា ព្រះមហាកស្សបមានអាយុនេះ កំពុងនិមន្តតាមផ្លូវឆ្ងាយ ចេញអំពីក្រុងបាវា មកកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប ព្រះមហាកស្សបមានអាយុ មិនទាន់បានថ្វាយបង្គំនូវព្រះបាទា នៃព្រះមានព្រះភាគ ដោយដៃរបស់ខ្លួនដរាបណា ជើងថ្ករព្រះមានព្រះភាគ ក៏មិនទាន់ឆេះដរាបនោះ។ ពួកមល្លក្សត្រិយ៍តបថា បពិត្រលោកម្ចាស់ដ៏ចំរើន បំណងរបស់ពួកទេវតា យ៉ាងណា