ពួកមល្លក្សត្រ អ្នកក្រុងបាវា ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងបាវា។ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងកុសិនារា។ ទោណព្រាហ្មណ៍ ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះតុម្ព។ ពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះអង្គារ ក្នុងក្រុងបិប្ផលិវ័ន។ រួមព្រះស្តូបតម្កល់ព្រះសរីរធាតុទាំងអស់មាន៨ ជាគំរប់៩នឹងព្រះស្តូបដែលតម្កល់ព្រះតុម្ព ជាគំរប់១០នឹងព្រះស្តូបដែលតម្កល់ព្រះអង្គារ ឯធាតុនិធាន (ទីបញ្ចុះព្រះធាតុ)នេះ ធ្លាប់មានមកហើយយ៉ាងនេះ។
[១៦២] ព្រះសរីរធាតុរបស់ព្រះសម្ពុទ្ធដ៏មានចក្ខុ មានចំនួន៨ទោណៈ(១) ព្រះសរីរធាតុ៧ទោណៈ ជនទាំងឡាយធ្វើសក្ការបូជាក្នុងជម្ពូទ្វីប ព្រះសរីរធាតុរបស់ព្រះសម្ពុទ្ធ ជាបុរសដ៏ប្រសើរខ្ពង់ខ្ពស់១ទោណៈទៀត ពួកនាគរាជធ្វើសក្ការបូជាក្នុងរាមគ្រាម។ ព្រះទាឋា (ចង្កូម)១ ពួកទេវតានាំយកទៅបូជា ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងគន្ធារបុរី
(១) បួនក្តាប់ ត្រូវជា១កុឌវៈ ៤កុឌវៈ ត្រូវជា១បត្ថៈ (នាឡិ) ៤បត្ថៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា១ទោណៈ គឺទោណៈ១ ត្រូវជា១៦នាឡិតូច។