បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះបាទ​ដូចជា​អណ្តែត​ឡើង​ខាងលើ​ ​(​ហាក់ដូចជា​មិន​ជាប់គ្នា​នឹង​ខ្នង​ព្រះបាទ​)​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​ជង្ឃា​ ​គឺ​ស្មង​ ​(​រៀវ​មូល​ត្រសូល​)​ ​ស្រដៀងនឹង​ស្មង​សត្វ​ទ្រាយ​ ​(​ពុំ​នោះ​សោត​ ​ស្រដៀងនឹង​ដង្ហើម​ស្រូវ​)​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​កាលបើ​ទ្រង់ព្រះ​សណ្ឋិត​ ​គឺ​ទ្រង់​ឈរ​ ​មិន​ឱន​ព្រះអង្គ​ចុះ​ ​អាច​ស្ទាប​ព្រះ​ជា​ណុ​ ​គឺ​ជង្គង់​ ​ដោយ​ផ្ទៃ​ព្រះហស្ត​ទាំង២បាន​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​អង្គាវយវៈ​ ​ដែល​គប្បី​លាក់​ ​ឲ្យ​កំបាំង​ដោយ​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម​ ​(​ប្រហែល​ដូចជា​អង្គជាត​នៃ​ដំរី​ ​ឬ​គោឈ្មោល​ជាដើម​)​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​ឆវីវណ្ណ​ ​គឺ​សម្បុរ​ ​(​លឿង​ភ្លឺ​អន្លង​)​ ​ដូចជា​សម្បុរ​នៃ​មាស​។​
​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះរាជ​កុមារ​នេះ​ ​មាន​ព្រះ​ឆវី​ ​គឺ​សម្បុរ​ល្អិត​ ​ផូរផង់​ ​រលីង​ស្រិល​ ​រអិល​ធូលី​ ​ៗ​ធ្លាក់​មក​ត្រូវ​ ​មិន​ជាប់​ព្រះ​កាយ​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់