ទៅ​បាន​ឡើយ​ ​ឯ​ព្រះរាជ​កុមារ​ ​ក៏​មាន​ព្រះបន្ទូល​ថា​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​ការ​ទៅ​ក្នុង​ឱទ្យាន​ក្នុងថ្ងៃនេះ​ ​ល្មម​ប៉ុណ្ណឹង​ហើយ​ ​ឯង​ចូរ​ចេញ​អំពី​ទីនេះ​ ​ត្រឡប់ទៅ​កាន់​ខាងក្នុង​បុរី​វិញ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​ក៏​ទទួល​ស្តាប់​ព្រះបន្ទូល​ព្រះ​វិបស្សី​កុមារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ចេញ​អំពី​ឱទ្យាន​នោះ​ ​ត្រឡប់​មក​ខាងក្នុង​បុរី​វិញ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​លុះ​ព្រះរាជ​កុមារ​នុ៎ះ​ ​ទៅដល់​ខាងក្នុង​បុរី​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូច​ព្រះទ័យ​ ​សញ្ជប់សញ្ជឹង​ថា​ ​ថ្វឺយ​ ​អើហ្ន៎​ ​ជរា​ ​តែង​មាន​ប្រាកដ​ ​ព្យាធិ​ ​តែង​មាន​ប្រាកដ​ ​ដល់​សត្វលោក​ដែល​កើត​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​ពន្ធុ​មៈ​ ​មាន​ព្រះតម្រិះ​ដូច្នេះ​ថា​ ​កុំ​ឲ្យ​វិបស្សី​កុមារ​ខាន​សោយរាជ្យ​ឡើយ​ ​កុំ​ឲ្យ​វិបស្សី​កុមារ​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​បួស​ឡើយ​ ​កុំ​ឲ្យ​ពាក្យ​នៃ​ពួក​ព្រាហ្មណ៍​ ​ជា​ហោរា​ទៀង​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះបាទ​ពន្ធុ​មៈ​ ​ផ្គត់ផ្គង់​ ​បម្រុង​កាមគុណ​ទាំង៥​ ​ច្រើនឡើង​ទៀត​ ​ធ្វើ​យ៉ាងណា​ ​ឲ្យតែ​ព្រះ​វិបស្សី​កុមារ​នៅ​សោយរាជ្យ​សម្បត្តិ​បាន​ ​ធ្វើ​យ៉ាងណា​ ​ឲ្យតែ​ព្រះ​វិបស្សី​កុមារ​ ​ខាន​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ធ្វើ​យ៉ាងណា​ ​ឲ្យតែ​ពាក្យ​នៃ​ពួក​ព្រាហ្មណ៍​ ​ជា​ហោរា​ខុស​ទៅវិញ​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់