និង​តិ​ស្ស​បុរោហិត​បុត្រ​ ​ក៏​បង្គាប់​ឲ្យ​ទឹម​យាន​ល្អ​ៗ​ ​ហើយ​ឡើង​កាន់​យាន​ល្អ​ៗ​ ​ចេញ​ចាក​ពន្ធុ​មតី​រាជធានី​ ​ដោយ​យាន​ល្អ​ៗ​ ​បរ​សំដៅ​ទៅ​រក​ខេម​មិគទាយវ័ន​ ​រហូតដល់​កន្លែង​សម្រាប់​ដាក់​យាន​ ​លុះដល់​ហើយ​ ​ក៏​ចុះ​អំពី​យាន​ ​ដើរទៅ​ដោយ​ជើងទទេ​ ​ចូល​សំដៅ​ទៅ​រក​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​ដល់​ជន​ទាំង២នាក់​នោះ​ ​គឺ​ទ្រង់​ប្រកាស​ទានកថា១​ ​សីលកថា១​ ​សគ្គកថា១​ ​ទោស​នៃ​កាម​ទាំងឡាយ​ ​ដ៏​លាមក​សៅហ្មង១​ ​អានិសង្ស​ក្នុង​ការ​ចេញ​បួស១​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ថា​ ​ជន​ទាំងពីរ​នាក់​នោះ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ផុត​ចាក​នីវរណធម៌​ ​មានចិត្ត​ខ្ពស់​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ ​ព្រះអង្គ​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​ ​ក្នុង​កាលណោះ​។​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់