កើតថ្មី ក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងនោះ ក៏រុងរឿង កន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សថា អើហ្ន៎ ពួកកាយទិព្វនៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកទេវតាជាន់តាវត្តិង្សហើយ ក៏បានអនុមោទនា ដោយគាថា ទាំងឡាយនេះថា
[៤៨] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្ររីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង។ ពួកទេវតាជាន់តាវត្តិង្ស ក៏បានឃើញពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត ហើយមកកើតក្នុងទេវលោកនេះ។