[៥៣] និមិត្តទាំងឡាយប្រាកដឡើង ក្នុងកាលណា ព្រហ្មគង់មានប្រាកដ (ក្នុងកាលនោះ) រស្មីដ៏រុងរឿងធំទូលាយនេះឯង ជាបុព្វនិមិត្តរបស់ព្រហ្ម។
[៥៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស អង្គុយលើអាសនៈទាំងឡាយ តាមសមគួរដល់ខ្លួន ហើយគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ចំណែកមហារាជទាំង៤អង្គ គង់លើអាសនៈទាំងឡាយ តាមសមគួរដល់ខ្លួនគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ពួកទេវតាជាន់តាវត្តិង្ស លុះឮពាក្យនេះហើយ ក៏មានចិត្តមូលតែមួយ ប្រជុំគ្នាគិតថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលណា សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្សហើយ និម្មិតអត្តភាពដ៏លើសលុបឲ្យកើតប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន សម្បុរជាប្រក្រតីរបស់ព្រហ្មណា ដែលពួកទេវតាមិនទាន់