ទៅដល់ហើយ បានថ្លែងព្រះឱង្ការនេះ នឹងជោតិបាលមាណពថា សូមសេចក្តីចំរើនមានដល់ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទទិសម្បតិ មានព្រះឱង្ការឲ្យហៅជោតិបាលមាណពដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួបនឹងជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន ជោតិបាលមាណព ទទួលតបពាក្យរាជបុរសនោះថា អើអ្នកដ៏ចំរើន យ៉ាងនេះហើយ ទើបចូលទៅគាល់ព្រះបាទទិសម្បតិ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះបាទទិសម្បតិ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលអ្នកដ៏ចំរើន លុះជោតិបាលមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះបាទទិសម្បតិ មានព្រះបន្ទូលយ៉ាងនេះថា ជោតិបាលមាណពដ៏ចំរើន ចូរអ្នកប្រៀនប្រដៅយើងចុះ ជោតិបាលមាណពដ៏ចំរើន កុំលះបង់យើងអំពីការប្រៀនប្រដៅឡើយ យើងនឹងតាំងអ្នកក្នុងតំណែងងារជាដំណែលបិតាអ្នក យើងនឹងស្រោចទឹកអ្នក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍។ ជោតិបាលមាណព ទទួលព្រះបន្ទូលព្រះបាទទិសម្បតិថា ព្រះករុណាវិសេស។