ព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ពួកអ្នករាជការ គប្បីអភិសេកព្រះរេណុរាជបុត្រដ៏ចំរើន ក្នុងរាជសម្បត្តិ ហេតុនេះរមែងមាន បើព្រះរេណុរាជបុត្រដ៏ចំរើន ត្រូវបានរាជសម្បត្តិហើយ សូមព្រះអង្គចែករាជសម្បត្តិដល់យើងខ្ញុំទាំងឡាយផង។ រេណុរាជបុត្រ ទ្រង់តបថា ម្នាលអ្នកដ៏ចំរើន បើក្រៅអំពីអ្នកដ៏ចំរើនទាំងឡាយហើយ អ្នកដទៃណា នឹងផ្តល់សេចក្តីសុខឲ្យកើតឡើង ក្នុងដែនរបស់យើងបាន ម្នាលអ្នកដ៏ចំរើន បើយើងនឹងបានរាជសម្បត្តិ យើងនឹងចែករាជសម្បត្តិ ដល់អ្នកទាំងឡាយផងដែរ។ ម្នាលអ្នកដ៏ចំរើន លុះថ្ងៃ និងយប់ទាំងឡាយកន្លងទៅហើយ ព្រះបាទទិសម្បតិ ក៏ទ្រង់ទិវង្គតទៅ។ កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ពួកអ្នករាជការ ក៏បានអភិសេកព្រះរេណុរាជបុត្រ ក្នុងរាជសម្បត្តិ។ លុះព្រះរេណុរាជបុត្រ បានអភិសេកដោយរាជសម្បត្តិហើយ ទ្រង់ស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា