បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ព្រះបាទរេណុ ដែលបានអភិសេកដោយរាជសម្បត្តិហើយ ព្រះអង្គក៏ស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ហ នឹងដឹង (រឿងនេះបាន ព្រោះ) កាមារម្មណ៍ទាំងឡាយ សុទ្ធតែជាសភាវៈ នាំឲ្យស្រវឹង សូមឲ្យព្រះអង្គម្ចាស់ដ៏ចំរើនទាំងឡាយ ស្តេចមក និងចូលទៅគាល់ព្រះបាទរុណុ លុះចូលទៅដល់ហើយ ចូរក្រាបទូលព្រះបាទរេណុយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទរេណុដ៏ចំរើន បានទទួលអភិសេក ដោយរាជសម្បត្តិហើយ ព្រះអង្គដ៏ចំរើន រលឹកឃើញពាក្យនោះដែរឬ។ ពួកក្សត្រទាំង៦ អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាលអ្នកដ៏ចំរើន មែនហើយ រួចក៏ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទរេណុដ៏ចំរើន បានទទួលអភិសេក ដោយរាជសម្បត្តិហើយ តើព្រះអង្គដ៏ចំរើន រលឹកឃើញពាក្យនោះដែរឬ។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏ចំរើន យើងរលឹកឃើញពាក្យនោះដែរ។