បុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង កាលកន្លងទៅ៤ខែហើយ មហាគោវិន្ទព្រាហ្មណ៍ កើតសេចក្តីអផ្សុក អន្ទះអន្ទែងថា អាត្មាអញ ធ្លាប់ឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្ម នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន តែ (ឥឡូវនេះ) អាត្មាអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្ម។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង សនង្កុមារព្រហ្ម បានដឹងច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្ត របស់មហាគោវិន្ទព្រាហ្មណ៍ ដោយចិត្តរបស់ខ្លួនហើយ ក៏ស្រាប់តែបាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះមុខមហាគោវិន្ទព្រាហ្មណ៍ ប្រៀបដូចជា