សនង្កុមារព្រហ្មឆ្លើយតបថា សេចក្តីក្រោធ១ ការនិយាយកុហក១ ការបញ្ឆោតបន្លំ១ ការទ្រុស្តមិត្រ១ សេចក្តីកំណាញ់ស្វិតស្វាញ១ សេចក្តីមើលងាយគេ១ សេចក្តីច្រណែន១ សេចក្តីប្រាថ្នា១ សេចក្តីសង្ស័យ១ ការបៀតបៀនអ្នកដទៃ១ លោភៈ១ ទោសៈ១ សេចក្តីស្រវឹង១ សេចក្តីវង្វេង១ ពួកសត្វដែលប្រកបដោយកិលេសទាំង១៤នេះ ឈ្មោះថាជាអ្នកមានក្លិនពុល មិនទាន់អស់ រមែងទៅកាន់អបាយ ដែលបិទបាំងផ្លូវទៅកាន់ព្រហ្មលោក។
[៦៨] មហាគោវិន្ទព្រាហ្មណ៍ និយាយថា ខ្ញុំយល់ច្បាស់ហើយ នូវក្លិនពុលទាំងឡាយ ដែលលោកដ៏ចំរើននិយាយ តែក្លិនពុលទាំងនោះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ សនង្កុមារព្រហ្ម និយាយតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុយ៉ាងនេះ