បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៧ខែសិន លុះកន្លង៧ខែហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នកយ៉ាងណា គតិរបស់ពួកយើងក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ខែយូរណាស់ ខ្ញុំព្រះអង្គ មិនអាចនឹងរង់ចាំព្រះអង្គ អស់៧ខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គលត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៦ខែសិន។ រង់ចាំអស់៥ខែសិន។ រង់ចាំអស់៤ខែសិន។ រង់ចាំអស់៣ខែសិន។ រង់ចាំអស់២ខែសិន។ រង់ចាំអស់១ខែសិន។ រង់ចាំអស់កន្លះខែសិន លុះកន្លងកន្លះខែទៅហើយ ពួកយើងនឹងចេញចាកផ្ទះ