គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មមហាសាលទាំង៧នាក់ និងនាយខ្មាន់ព្រះកេស ៧០០នាក់ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រាហ្មណមហាសាលទាំង៧នាក់ និងនាយខ្មាន់ព្រះកេស ទាំង៧០០នាក់ យ៉ាងនេះថា ឥឡូវនេះ សូមអ្នកដ៏ចំរើនទាំងឡាយ រកអាចារ្យឯទៀត ឲ្យបង្រៀនមន្តដល់អ្នកទាំងឡាយដ៏ចំរើនចុះ ម្នាលអ្នកដ៏ចំរើន យើងប្រាថ្នានឹងចេញចាកផ្ទះទៅបួស តាមដែលខ្ញុំបានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ម្នាលអ្នកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះទៅបួស។ ព្រាហ្មណមហាសាល និងនាយខ្មានព្រះកេស និយាយតបថា សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន កុំអាលចេញចាកផ្ទះទៅបួសឡើយ បពិត្រអ្នកដ៏ចំរើន ធម្មតាបព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភច្រើន។ មហាគោវិន្ទព្រាហ្មណ៍តបថា អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយយ៉ាងនេះឡើយ អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយយ៉ាងនេះថា បព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលណាហ្ន៎ វៀរលែងតែខ្ញុំចេញដែលមានសក្តិ៍ធំ មានលាភច្រើនជាង