ពួកភរិយាជំរាបថា ខ្លួនលោកស្រាប់ហើយ ជាញាតិរបស់ពួកយើង ដែលជាអ្នកប្រាថ្នានូវញាតិ មួយទៀត ខ្លួនលោកស្រាប់ហើយ ជាភស្តារបស់ពួកយើង ដែលជាអ្នកប្រាថ្នានូវភស្តា បើលោកគោវិន្ទដ៏ចំរើន នឹងចេញចាកផ្ទះទៅបួស ពួកយើងនឹងចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់លោកយ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន លុះកន្លង៧ថ្ងៃទៅហើយ មហាគោវិន្ទព្រាហ្មណ៍ បានកោរសក់ និងពុកមាត់ ហើយស្លៀកពាក់សំពត់កាសាយៈរួច ចេញចាកផ្ទះទៅបួស ជាបុគ្គលគ្មានប្រយោជន៍ដោយកិច្ចក្នុងផ្ទះ។ ក្សត្រទាំង៧ព្រះអង្គ ដែលបានមុទ្ធាភិសេកហើយផង ព្រាហ្មណមហាសាលទាំង៧នាក់ផង នាយខ្មាន់ព្រះកេសទាំង៧០០នាក់ផង ភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នាផង ពួកក្សត្រច្រើនពាន់ផង ពួកព្រាហ្មណ៍ច្រើនពាន់ផង ពួកគហបតីច្រើនពាន់ផង ពួកស្រីស្នំជាច្រើនផង ស្ត្រីអ្នកស្រុកទាំងឡាយជាច្រើនផង (បានឃើញ) មហាគោវិន្ទព្រាហ្មណ៍បួសរួចហើយ ក៏នាំគ្នាកោរសក់ និងពុកមាត់ស្លៀកពាក់ សំពត់កាសាយៈ រួចចេញចាកផ្ទះ ទៅបួសតាមមហាគោវិន្ទព្រាហ្មណ៍