ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងបានត្រាស់ដឹងក្នុងអនាគតកាល ពួកទេវតាមានប្រមាណប៉ុណ្ណេះដូចគ្នា នឹងមកប្រជុំគ្នា ដើម្បីឃើញនូវព្រះមានព្រះភាគទាំងនោះ ដូចពួកទេវតាដែលមកប្រជុំគ្នា ដើម្បីឃើញតថាគត ក្នុងកាលឥឡូវនេះដែរ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រាប់នូវនាម និងគោត្រ របស់ពួកទេវតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងពោលនូវនាម និងគោត្ររបស់ពួកទេវតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវនាម និងគោត្រ របស់ពួកទេវតាទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់រឿងនោះចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់សំដែងនូវភាសិតនេះថា
[៧៩] តថាគតនឹងធ្វើនូវស្លោក(១) ភូមទេវតា (ឋិតនៅ) ក្នុងទីណា ពួកភិក្ខុក៏អាស្រ័យនៅទីនោះ ពួកភិក្ខុណា ដែលនៅអាស្រ័យនឹងផ្ទៃភ្នំ បញ្ជូនចិត្តទៅកាន់អារម្មណ៍ល្អ មានចិត្តតម្កល់នឹង (តថាគត នឹងសំដែងគុណនៃភិក្ខុទាំងនោះ)។
(១) ពាក្យដែលកំណត់ដោយអក្ខរៈ និងបទហៅថា ស្លោក ឬគាថា