មានមេជាកែវផលិក តែកាំនិងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ មួយទៀត ស្រះបោក្ខរណីទាំងនោះឯង បិទបាំងដោយរបង២ជាន់ គឺរបងមាស១ របងប្រាក់១។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោលជាប្រាក់ តែរបាររបង និងក្បាលបង្គោលរបងជាមាស។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា ក្នុងស្រះបោក្ខរណីទាំងនេះ គួរតែអាត្មាអញ នឹងដាំដើមផ្កាទាំងនេះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែលមានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ដាំដើមផ្កាទាំងនេះ ក្នុងស្រះបោក្ខរណីទាំងនោះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែលមានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ គ្រានោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងនហាបកបុរស (អ្នកផ្ងូតទឹក) ទុកទៀបឆ្នេរស្រះបោក្ខរណីទាំងនេះ សម្រាប់