បង្អុរភ្លៀង មានទាំងផ្លេកបន្ទោរ ក្នុងកាលនោះ មារនោះមិនអាចនឹងធ្វើ (ទេវតាណាមួយ) ឲ្យប្រព្រឹត្តទៅក្នុងអំណាចខ្លួនបាន ក៏ក្រេវក្រោធថយចេញបាត់ទៅ។ លំដាប់នោះ ព្រះសាស្តា ទ្រង់មានចក្ខុពិចារណាហើយ ជ្រាបហេតុនោះទាំងអស់ ទើបទ្រង់ត្រាស់នឹងភិក្ខុជាសាវ័កទាំងឡាយ ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ មារសេនាមកដល់ហើយ អ្នកទាំងឡាយ ចូរស្គាល់នូវមារសេនាទាំងនោះចុះ ឯពួកភិក្ខុទាំងនោះ លុះបានស្តាប់ពាក្យប្រដៅព្រះពុទ្ធជាម្ចាស់ហើយ ក៏ធ្វើព្យាយាម (ដើម្បីចូលកាន់ផលសមាបត្តិ)។ មារ ព្រមទាំងពួកសេនារបស់មារ ក៏ចៀសចេញឆ្ងាយទៅ អំពីពួកអរិយសាវ័ក ដែលប្រាសចាករាគៈ សូម្បីតែរោមរបស់ព្រះអរិយៈទាំងនោះ ក៏មិនបានព្រឺព្រួចឡើយ (ទើបមារពោលសរសើរភិក្ខុសង្ឃថា) ពួកសាវ័កទាំងនោះ លោកឈ្នះសឹកសង្គ្រាមហើយ កន្លងបង់នូវសេចក្តីភ័យខ្លាចបានហើយ មានយសល្បីទូរទ័រ ទៅក្នុងប្រជុំជន តែងរីករាយ ជាមួយនឹងព្រះអរិយៈ ដែលកើតហើយ (ក្នុងសាសនាព្រះទសពល)។
ចប់ មហាសមយសូត្រ ទី៧។