ព្រាហ្មណមហាសាល និងគហបតិមហាសាល ជាច្រើននាក់ ដែលជ្រះថ្លាស៊ប់ ក្នុងព្រះតថាគត ពួកជនទាំងនោះ នឹងធ្វើការបូជាព្រះសរីរៈ របស់ព្រះតថាគត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកកុំពោលថា នគរនេះ ជានគរតូច នគរទួល ជាសាខានគរយ៉ាងនេះឡើយ។ ម្នាលអានន្ទ កាលពីព្រេងនាយមក មានព្រះរាជាទ្រង់ព្រះនាម មហាសុទស្សនៈ ជាក្សត្របានមុទ្ទាភិសេក (ឥស្សរៈលើផែនដី) មានមហាសមុទ្រទាំង៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវសេចក្តីមាំមួន។ ម្នាលអានន្ទ នគរកុសិនារានេះ ជារាជធានីឈ្មោះកុសាវតី របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ កុសាវតីរាជធានី បណ្តោយពីបុរត្ថិមទិស ទៅបច្ឆិមទិស១២យោជន៍ ទទឹងពីឧត្តរទិស ទៅទក្ខិណទិស៧យោជន៍ ជានគរស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានមនុស្សកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌។ ម្នាលអានន្ទ រាជធានីឈ្មោះអាលកមន្ទា របស់ពួកទេវតា ជារាជធានីដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានទេវតាកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី