[៨៩] ធម្មតា ព្រះតថាគតរាល់ព្រះអង្គ តែងមានព្រះបន្ទូលដោយស្មោះ ចំពោះទៅរកពួកយក្ស ដែលមានសក្តិធំ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ឯសក្កទេវរាជ ជាធំជាងពួកទេវតា លុះព្រះមានព្រះភាគ មានព្រះបន្ទូលដោយស្មោះ ចំពោះហើយ ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ទាំងពួកទេវតានៅក្នុងជាន់តាវត្តិង្ស ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ឯបញ្ចសិខគន្ធព្វបុត្ត ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ក្នុងសម័យនោះឯង ឥន្ទសាលគុហា ដែលមានផ្ទៃមិនរាបស្មើ ក៏ប្រែជាមានផ្ទៃរាបស្មើវិញ មានទីចង្អៀត ក៏ប្រែជាមានទីធំទូលាយវិញ ទាំងងងឹតក្នុងគុហាក៏បាត់ទៅ មានពន្លឺភ្លឺព្រោងព្រាតឡើង ដោយទេវានុភាព របស់ពួកទេវតានោះឯង។
[៩០] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងសក្កទេវរាជ ជាធំជាងពួកទេវតា ដូច្នេះថា នេះជាហេតុគួរអស្ចារ្យ របស់កោសិយៈមានអាយុ នេះជាហេតុមិនធ្លាប់កើតមាន របស់កោសិយៈមានអាយុ នេះជាដំណើរស្តេចមកក្នុងទីនេះ របស់ទេវរាជ ដែលមានកិច្ចច្រើន មានការងារច្រើន។