រលឹកឃើញពាក្យនាងនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រទេវានមិន្ទ នាងនោះបានថ្វាយបង្គំតថាគតហើយ តថាគត ក៏រលឹកឃើញពាក្យនោះបាន តែតថាគត ចេញចាកសមាធិនោះ ព្រោះសូរនៃខ្នងកង់ (រាជរថ) របស់ទេវរាជដ៏មានអាយុ។ សក្កទេវរាជ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានទៅកើតក្នុងពពួកទេវតា នៅក្នុងជាន់តាវត្តិង្ស មុនជាងខ្ញុំព្រះអង្គ ៗ បានឮចំពោះមុខ បានទទួល (ដំណឹងនោះ) ចំពោះមុខ នៃទេវតាទាំងនោះថា កាលណាព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើងក្នុងលោក កាលនោះ ពួកទេវតាក៏កុះករ ពួកអសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះឯង ខ្ញុំព្រះអង្គ បានឃើញជាក់ហើយ តាំងពីដួច ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោក ពួកទេវតាក៏កុះករ ពួកអសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងកបិលវត្ថុនេះឯង មានសក្យធីតាម្នាក់ ឈ្មោះ គោបិកា ជាស្ត្រីជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តែងធ្វើនូវការបំពេញកិច្ច ក្នុងសីលទាំងឡាយ នាងនឿយណាយចិត្ត ក្នុងភេទនៃខ្លួនជាស្ដ្រី កើតសេចក្តីពេញចិត្ត ក្នុងភេទនៃខ្លួនជាបុរស លុះដល់បែកទំលាយរាងកាយ