[៩៣] លុះព្រះមានព្រះភាគ ទ្រង់ប្រទានឱកាសហើយ សក្កទេវរាជ ជាធំជាងពួកទេវតា ក្រាបបង្គំទូលសួរប្រស្នាជាដំបូងនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃៗ មានធម៌អ្វីជាគ្រឿងចងរួបរឹតទុក បានជាពួកសត្វទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើងទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយមិនមានពៀរនឹងគ្នា ពួកសត្វទាំងនោះ តែងមានសេចក្តីប្រាថ្នាយ៉ាងនេះឯង ទោះបីមានសេចក្តីប្រាថ្នាដូច្នោះ ក៏គង់សត្វទាំងនោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយមានពៀរនឹងគ្នាដដែល។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទូលសួរប្រស្នា ចំពោះព្រះមានព្រះភាគហើយ ដោយប្រការដូច្នេះ។ លុះសក្កទេវរាជនោះ បានទូលសួរប្រស្នាហើយ ព្រះមានព្រះភាគ ក៏ទ្រង់ព្យាករថា បពិត្រ ទេវានមិន្ទ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃៗ មានឥស្សា (សេចក្តីច្រណែន) និងមច្ឆរិយៈ (សេចក្តីកំណាញ់) ជាគ្រឿងចងរួបរឹតទុក បានជាពួកសត្វទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើងទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា