ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែលតថាគតពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាឧបេក្ខាទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ ឧបេក្ខាបែបនេះ ភិក្ខុមិនគួរសេព(១) ។ បណ្តាឧបេក្ខាទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ ឧបេក្ខាបែបនេះ ភិក្ខុគួរសេព(២) ។
(១) បានដល់គេហសិតឧបេក្ខា គឺឧបេក្ខាដែលអាស្រ័យនូវផ្ទះ គឺកាមគុណ កើតឡើងដល់បុគ្គលដែលខ្លៅល្ងង់ ក៏ជាប់ស្អិតក្នុងឥដ្ឋារម្មណ៍ មិនមានត្រឡប់ថយក្រោយវិញ ដូចរុយដែលជាប់ចិត្តនឹងស្ករអំពៅ។ (២) បានដល់នេក្ខម្មសិតឧបេក្ខា គឺឧបេក្ខា ដែលសម្បយុត្ត ដោយវិបស្សនាញាណ មិនត្រេកអរ នឹងឥដ្ឋារម្មណ៍ មិនស្អប់អនិដ្ឋារម្មណ៍។