សាបសូន្យទៅ ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុមិនគួរសេព(១) ។ បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយសមាចារណាថា កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុគួរសេព(២) ។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។
(១) ការប្រព្រឹត្តបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ និងការប្រព្រឹត្តកន្លងសិក្ខាបទ ជាបណ្ណត្តិវជ្ជៈ ចំពោះកាយទ្វារ ហៅថា កាយសមាចារ ដែលមិនគួរសេព។ (២) ការវៀរចាកអំពើអម្បាលនោះ មានបាណាតិបាតជាដើម ចំពោះកាយទ្វារ ហៅថា កាយសមាចារ គួរសេព។