នេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវបរិយេសនាណាថា កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុមិនគួរសេព(១) ។ បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវបរិយេសនាណាថា កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុគួរសេព(២) ។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុអ្នកប្រតិបត្តិយ៉ាងនេះ ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុងបាតិមោក្ខ។
(១) បានដល់អនរិយបរិយេសនា ការស្វែងរកមិនប្រសើរ គឺការស្វែងរកបុត្រ ភរិយា ទ្រព្យ ជាដើម។ (២) បានដល់អរិយបរិយេសនា ការស្វែងរកដ៏ប្រសើរ គឺការស្វែងរកព្រះនិព្វាន។