[៩៧] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុងឥន្ទ្រិយ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែក មាន២យ៉ាង គឺរូបារម្មណ៍ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀក មាន២យ៉ាង គឺសទ្ទារម្មណ៍ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា គន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ មាន២យ៉ាង គឺគន្ធារម្មណ៍ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ផោដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត មាន២យ៉ាង គឺធម្មារម្មណ៍ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងពួកទេវតា បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ ខ្ញុំព្រះអង្គអាចដឹងសេចក្តីច្បាស់ ដោយពិសារយ៉ាងនេះបាន